ព័ត៌មានសំខាន់

កំពត៖ ដីធ្លីក្រោមតម្លៃទីផ្សារ៣០%មានតម្រូវការខ្ពស់

កំពត៖ ដីធ្លីតម្លៃក្រោមទីផ្សារប្រមាណ ៣០% ក្នុងខេត្តកំពត នៅតែមានតម្រូវការខ្ពស់ពីវិនិយោគិននានា បើទោះស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងភាពមិនប្រាកដប្រជាក៏ដោយ។

លោក គឹម សង្គ្រាម នាយកប្រតិបត្តិនៃក្រុមហ៊ុន Hippo Reality & Investment បានប្រាប់ Business9 ថា វិនិយោគិនជាច្រើននៅតែបន្តសម្រុកទិញដីធ្លីដែលមានតម្លៃក្រោមទីផ្សារនៅក្នុងខេត្តកំពត ខណៈខេត្តនេះកំពុងតែមានសក្តានុពលសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។

នាយកប្រតិបត្តិរូបនេះ អះអាងថា អ្នកដែលចុះមកទិញដីក្រោមតម្លៃទីផ្សារនេះ ភាគច្រើនជាអតិថិជនដែលធ្លាប់មកទិញ និងអ្នកធ្លាប់មានបទពិសោធន៍ទិញយកទៅវិនិយោគបន្ត ហើយទទួលបានផលចំណេញខ្ពស់  ។

លោក គឹម សង្គ្រាម ថ្លែងថា«ពួកគាត់យល់ឃើញថា ពេលនេះគឺជាឱកាសល្អសម្រាប់ពួកគាត់ ក្នុងការវិនិយោគលើវិស័យដីធ្លីនៅក្នុងខេត្តកំពត ដែលនេះ ធ្វើឱ្យសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យក្នុងខេត្តនេះនៅតែមាន»។

បើតាម លោក សង្គ្រាម មូលហេតុដែលធ្វើឲ្យអ្នកវិនិយោគនៅតែបន្ដទិញដីធ្លីនៅខេត្តកំពត​ និងកែប​ ដោយសារតែមានផលចំណេញចន្លោះពី ២០០% ទៅ ៣០០%។  

លោក បញ្ជាក់ «មនុស្សភាគច្រើនចូលចិត្តទិញដីនៅទីក្រុងភ្នំពេញ ដើម្បីវិនិយោគ ព្រោះឆាប់បានចំណេញលឿន ប៉ុន្តែក៏មានមនុស្សមួយក្រុមទៀត ដែលធ្លាប់រកស៊ីនៅតាមខេត្ត ជាពិសេសខេត្តកំពត និងកែប ដែលធ្លាប់ទិញដីតម្លៃ ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គេឱ្យផលចំណេញវិញពី ២០ដុល្លារ ឬ ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ពួកគាត់នៅតែចុះមកទិញដដែល»។

មួយវិញទៀត ដោយសារតែ ខេត្តកំពត គឺជាគោលដៅនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រួមទាំងឧស្សាហកម្មផងទើបធ្វើឲ្យអ្នកវិនិយោគសម្រុកទិញអចលនទ្រព្យនៅខេត្តនាយសមុទ្រមួយនេះ។ នេះបើតាមការបញ្ជាក់ពី លោក គឹម សង្គ្រាម នាយកប្រតិបត្តិនៃក្រុមហ៊ុន Hippo Reality & Investment ដែលជាអ្នកជំនាញដីធ្លីប្រចាំខេត្តកំពត​ និងកែប ដដែល។

លោក គឹម សង្គ្រាម សង្កត់ធ្ងន់ «បើទិញដីនៅពេលនេះ វានឹងអាចឡើងថ្លៃ និងមានតម្រូវការខ្ពស់នៅពេលចប់កូវីដ ១៩»៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button