ពាណិជ្ជកម្ម

ក្នុងខួប៧៥ឆ្នាំនៃឯករាជ្យជាតិ ឥណ្ឌូនេស៊ីថាទំហំពាណិជ្ជកម្មជាមួយកម្ពុជានឹងកើនឡើងខ្លាំងនៅ៥ឆ្នាំខាងមុខ

ថ្ងៃច័ន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ គឺជាខួប៧៥ ឆ្នាំ នៃឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី។ ក្នុងនោះស្ថានទូតឥណ្ឌូនេស៊ី​ប្រចាំនៅកម្ពុជាក៏បានរៀបចំការអបអរសាទររបស់ខ្លួនផងដែរ។ ក្នុងនោះ ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក ស៊ូឌីរម៉ាន់ ហាសិង បានលើកឡើងថាក្នុងរយៈពេល៥ឆ្នាំខាងមុខ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌូនេស៊ីនឹងកើនឡើងក្នុងរយៈពេល៥ឆ្នាំខាងមុខ ត្បិតអីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់។

លោកថា ៖ “នៅឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី – កម្ពុជាមានចំនួន ៦៦១.១១៤.៥ ដុល្លារ​ និងមានឱកាសជាច្រើនទៀតដែលអាចបង្កើនទំហំពាណិជ្ជកម្មក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ យើងរំពឹងថានឹងមានការកើនឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសវិស័យឯកជន និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ”។

នៅក្នុងនោះ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនង៦០ឆ្នាំរបស់ឥណ្ឌូនេស៊ី និងកម្ពុជា គឺការភ្ជាប់ជើងហោះហើរពីហ្សាការតា-ភ្នំពេញ តាមរយៈក្រុមហ៊ុនស៊ីធីលីងអ៊ែរឡាញដើម្បីជាការបង្ហាញពីទំនាក់ទំនងដ៏ល្អក្នុងនាមជាប្រទេសដែលធ្លាប់មានប្រវត្តិទំនាក់ទំនងគ្នាតាំងពីសម័យបូរាណរហូតមកដល់បច្ចុប្បន្ន។ ជាពិសេស ការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជាទាំងមុន អំឡុងពេល និងក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស។ ក្រៅតែពីសហប្រធាននៃកិច្ចព្រមព្រៀងហើយ ឥណ្ឌូនេស៊ីក៏បានបញ្ជូនទ័ពរបស់ខ្លួនមករក្សាសន្តិភាពនៅកម្ពុជាផងដែរ។

បន្ថែមពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងរដ្ឋនិងរដ្ឋ កម្ពុជានិងឥណ្ឌូនេស៊ី គឺជារដ្ឋពីរដែលបាននិងកំពុងធ្វើការរួមគ្នាដើម្បីកសាង និងរក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព និងវិបុលភាពតាមរយៈការអភិវឌ្ឍនូវទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ គំនិតនេះត្រូវបានយល់ស្របដោយមេដឹកនាំអាស៊ាននៅទីក្រុងបាងកក ក្នុងខែវិច្ឆិកា  ឆ្នាំ ២០១៩ ក្នុងការលើកកម្ពស់គោលការណ៍នៃការបើកចំហ ការបញ្ចូលគ្នា និងតម្លាភាពដោយការគោរពច្បាប់អន្តរជាតិនិងមជ្ឈិមអាស៊ាន។

អគ្គរដ្ឋទូតឥណ្ឌូនេស៊ី​បានអះអាងថា៖​ “ទំនាក់ទំនងការទូតឥណ្ឌូនេស៊ី – កម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិ-ការរវាងឥណ្ឌូនេស៊ីនិងកម្ពុជា គឺជាវេទិកាដ៏រឹងមាំមួយក្នុងការបង្ហាញសក្តានុពល។ ការគាំទ្រ ខ្លាំងក្លាពីភាគីពាក់ព័ន្ធគឺជាគន្លឹះក្នុងការជំរុញផលប្រយោជន៍រួមរបស់យើងឲ្យបោះជំហានទៅមុខ”៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button