ព័ត៌មានសំខាន់

ក្រសួងដែនដីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារបច្ចេកទេសរៀបចំ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង (គ.ប.ជ.)។

តាមសេចក្ដីសម្រេច របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយដែល Business9 ទទួលបាននៅថ្ងៃទី១៦ ខែសីហា នេះ ឱ្យដឹងថា ក្រុមការងារបច្ចេកទេសនេះ មាន ៤៣រូប ដែលមានលោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធាន មានភារកិច្ចចុះ សិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្នន័យដីធ្លី ដោយផ្អែកលើគោលនយោបាយដីធ្លី គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីខេត្តព្រះសីហនុ។

សេចក្តីសម្រេចនេះបន្តថា ត្រូវសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ឱ្យស្របតាមចក្ខុវិស័យនៃគោលនយោបាយតាមវិស័យពាក់ព័ន្ធ។ លើកសំណើជម្រើសគោលនយោបាយគ្របគ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុដាក់ជូនប្រធាន គ.ប.ជ. ពិនិត្យនិងសម្រេច។

រៀបចំតាក់តែងសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដាក់ជូនប្រធាន គ.ប.ជ. ដើម្បីពិនិត្យ និងអនុម័ត និង បំពេញភារកិច្ចផ្សេងទៀតការប្រគល់ជូនដោយប្រធាន គ.ប.ជ.។

ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍លើវិស័យដីធ្លី សំណង់ និងអចលនទ្រព្យយ៉ាងគំហុក ដែលទាមទារឱ្យមានការរៀបចំ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button