ព័ត៌មានសំខាន់

ក្រុមហ៊ុន Century 21 Mekong ពង្រីកសេវាកម្មបន្ថែមលើវិស័យខុនដូដើម្បីបំពេញតម្រូវការទីផ្សារ

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Mekong បានចាប់ផ្តើមពង្រីកសេវាកម្មថ្មីមួយបន្ថែមលើវិស័យខុនដូ ផ្តល់ជូនអតិថិជនរបស់ខ្លួន ស្របពេលដែលវិស័យមួយនេះ កំពុងរីកចំរើននៅក្នុងប្រទេសកម្ពុជា។

កញ្ញា ហ៊ុល ស័ក្ដសិកា មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ផ្នែកខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានដឹងថា ក្រុមហ៊ុនកន្លងមកនេះ មានសេវាកម្ម ទិញ លក់ ជួល ប្រឹក្សាយោបល់លើគម្រោងបូរី និងដីធ្លី ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុន បានពង្រីកសេវាកម្មថ្មីមួយទៀតលើវិស័យខុនដូជូនអតិថិជន ។

កញ្ញាពន្យល់ថា ការពង្រីកសេវាកម្មថ្មីនេះ ដោយសារក្រុមហ៊ុនមើលឃើញថា កម្ពុជាមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ដែលធ្វើឱ្យចំនួន អគារខុនដូនៅក្នុងទីក្រុងភ្នំពេញមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនៅក្នុងរយៈពេលកន្លងមកនេះ ។

កញ្ញាបន្តថា មិនត្រឹមតែមានអ្នកវិនិយោគនៅក្រៅស្រុកនោះទេ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរមួយចំនួនក៏ចាប់ផ្តើមវិនិយោគលើវិស័យនេះ និងយល់ដឹងពីវិស័យនេះ គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនក្នុងការពង្រីកសេវាកម្ម ដើម្បីផ្តល់ជូនដល់ពួកគាត់។

លោក ឃុន ហេង នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកខុនដូ នៃក្រុមហ៊ុន Century 21 Mekong ឱ្យដឹងដែរថា  ក្រុមហ៊ុន Centrury 21 Mekong គឺជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យ ដែលបានប្រតិបត្តិការជាង ៧ ឆ្នាំមកនេះ មានបុគ្គលិកជាង ២០០នាក់  និង ៥ សាខា បាននឹងកំពុងប្រតិបត្តិការប្រឹក្សាយោបល់លើការទិញ លក់ ជួល វិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ហើយទទួលបានជោគជ័យលើវិស័យនេះ ។

លោកបន្តថា ដោយមើលឃើញពីសក្តានុពលរបស់ក្រុមហ៊ុន និងការរីកចម្រើនយ៉ាងឆាប់រហ័យលើវិស័យសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនក៏សម្រេចចិត្តពង្រីកសេវាកម្មបន្ថែមទៀត លើវិស័យខុនដូជូនប្រជាពលរដ្ឋខ្មែរ  បើទោះបីវិស័យនេះ ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងនៅមានកម្រិតក៏ដោយ។

លោក ឃុន ហេង ពន្យល់ថា កាលពី ១០ ឆ្នាំមុន នៅក្នុងទីក្រុងភ្នំពេញ មិនមានហាងកាហ្វេប្រេនៗនៅឡើយទេ ប៉ុន្តែ បច្ចុប្បន្ននេះ យើងអាចឃើញ ៥ ទៅ ១០ ទីតាំងក្នុង ១ផ្លូវ ដែលជាកាហ្វេម៉ាក់ល្បីៗ គឺជាការវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា ដូចគ្នានេះដែរ បច្ចុប្បន្ន ប្រជាពលរដ្ឋ ចាប់អារម្មណ៍ទិញ ឬវិនិយោគទៅលើបុរី វីឡា និងផ្ទះល្វែង ប៉ុន្តែ ទៅមុខទៀត ប្រជាពលរដ្ឋខ្មែរនឹងចាប់អារម្មណ៍វិនិយោគលើវិស័យខុនដូវិញនៅពេលដែលពួកគាត់បានយល់ដឹងច្បាប់ពីអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការរស់នៅក្នុងគម្រោងខុនដូ។

លោក ថ្លែងថា «សម្រាប់យើង ធ្វើការក្នុងវិស័យអចលនទ្រព្យ យើងបានដឹងពីវិស័យនេះ និងផ្តល់ការអប់រំ និង ណែនាំឱ្យពលរដ្ឋស្គាល់ ព្រោះបណ្តាប្រទេសនៅលើពិភពលោក ដែលមានការអភិវឌ្ឍន៍ និងជឿនលឿន  ដូចជាប្រទេសជិតខាងយើង គេមានអគារខ្ពស់ជាច្រើនដូចជា ប្រភេទខុនដូក្នុងគោលដៅអាជីវកម្ម និងរស់នៅ ឬពហុបំណង»៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button