ព័ត៌មានសំខាន់

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសម្រេចបាន៤៥ % ហើយ

ភ្នំពេញ៖ បើទោះបីកម្ពុជានៅតែបន្តជួបវិបត្ដិកូវីដ-១៩ យ៉ាងណាក្ដី ក៏គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសម្រេចបាន ៤៥% ដោយគិតត្រឹមខែកញ្ញា នេះ ដែលគ្រោងនឹងចប់រួចរាល់តាមផែនការនៅឆ្នាំ ២០២៣ ខាងមុខ ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលថ្លែងថា ក្រុមហ៊ុនអាចគ្រប់គ្រងការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មី នៅលើ ទឹកដីអង្គរខេត្ដសៀមរាបនេះ នៅតែដំណើរការបានជាធម្មតា ពោលគឺក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុក ឱ្យរួចរាល់នៅឆ្នាំ ២០២៣ ខាងមុខ ។

លោកបន្តថា ចំពោះវឌ្ឍនភាពនៃការសាងសង់យានដ្ឋានសៀមរាបថ្មី បើយើងគិតត្រឹមខែកញ្ញានេះ មានវឌ្ឍនភាព និងការរីកចម្រើន នៃការសាងសង់គឺសម្រេចបានជាង ៤៥% ហើយ។ តាមកម្មវិធីគឺក្រុមហ៊ុនពុំមានការពន្យារពេលអ្វីនោះទេ គឺគ្រោងដាក់ ឱ្យដំណើរការដំណាក់កាលទី១នេះ គឺនៅខែមីនា ឆ្នាំ២០២៣ ដូច្នេះ នៅក្នុងឆ្នាំ២០២២ ក្នុងខែ៩ ខែ១០ គឺគម្រោងនឹងបញ្ចប់ ហើយ ហើយក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើការសាកល្បង ដើម្បីឱ្យការដំណើរការនៅក្នុងឆ្នាំ២០២៣ ខែមីនា គឺបានបើកដំណើរការ។

លោកបន្ថែមថា ដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង ៤៥% ហើយ ក្នុងនោះមានគម្រោងចំនួន ៣ធំៗរួមមាន៖ សង់សំណង់អាគារ, សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន ។

បើតាម អ្នកនាំពាក្យរូបនេះ គម្រោងចែកជាសមាសភាគធំៗ គឺតំបន់ស្ថានីយចុះចត ហើយនិងតំបន់ស្ថានីយមានបូក និងការដំឡើង និងអគារផ្សេងៗដែលពាក់ព័ន្ធនឹងតំបន់គាំទ្រ ហើយតំបន់គាំទ្រនោះគឺ ទាក់ទងនឹងអគារដែលពាក់ព័ន្ធនឹងផ្នែករដ្ឋបាល គ្រប់គ្រងសន្តិសុខទាំងអស់ដែលចែកចេញ Areal building និង Side Porting Service ក្នុងហ្នឹងយើងសរុបទៅបានជាង ៣០% ហើយ ។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបាន ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល ៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦ កន្លងទៅ ៕

Businees9 News
Facebook: https://www.facebook.com/news.business9
YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA
Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button