ព័ត៌មានសំខាន់

តើវិនិយោគដីទំហំប៉ុណ្ណាទើបទទួលបានផលចំណេញខ្ពស់

ភ្នំពេញ៖ ការវិនិយោគលើវិស័យដីធ្លី មិនមែនចេះតែទិញនោះទេ ពោលគឺត្រូវសិក្សាពីសក្តានុពល និងតំបន់ជុំវិញរបស់វាឱ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តទិញទុក ហើយការទិញទុកទៀតសោតក៏គិតពីទំហំផងដែរ។ បើទិញខុសវានឹងធ្វើឱ្យខាតបង់ផលប្រយោជន៍ និងពេលវេលា។

លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុន Amatak Property Service  ថ្លែងថាការវិនិយោគដីធ្លី ដើម្បីបានផលចំណេញ គឺអាស្រ័យទៅលើលំហូសាច់ប្រាក់គ្រប់គ្រាន់ បើទិញប្រភេទដីសម្រាប់សាងសង់ខុនដូ ត្រូវការចំណាយច្រើន ប៉ុន្តែបើចង់ទិញដីទុកចំណេញលឿន គឺទិញដីនៅតាមជាយក្រុង ដែលជាតំបន់មានការអភិវឌ្ឍន៍ និងមានគម្រោងជាច្រើន និងទិញក្នុងទំហំចាប់ទី ១០x២០ ឡើងទៅ។

លោកស្រីបន្តថា ដើម្បីទិញដីវិនិយោគឆាប់បានចំណេញ គួរកុំទិញដីទំហំតូច ព្រោះពិបាកក្នុងការលក់យកចំណេញនិងពិបាកក្នុងការសាងសង់លំនៅឋាន ឬ អភិវឌ្ឍផ្សេងទៀត។ លោកស្រីបន្ថែមថា បើចង់ទិញដីធ្លីទទួលបានផលចំណេញខ្ពស់គួរទិញដីក្បាលចាប់ ១០ ម៉ែត្រឡើងទៅ ដែលមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ និងសាងសង់សំណង់ផ្សេងៗ។

លោកស្រីពន្យល់ទៀតថា “បើវិនិយោគដីនៅតាមជាយក្រុងត្រូវស្វែងរកដីណាដែលមានទំហំធំៗ ព្រោះងាយស្រួលក្នុងការលក់ចេញវិញ និងស្វែងរកតំបន់ណាដែលមានសក្តានុពលនិង មានការអភិវឌ្ឍន៍គម្រោងផ្សេងៗផងដែរ”។

តែយ៉ាងណាក៏ដោយ លោកស្រី តាំង ហួរ ថា ការទិញដីធ្លីមិនមែនចេះតែទិញតាមការនឹកឃើញនោះទេ ត្រូវសិក្សា និងស្វែងយល់ពីសក្តានុពលតំបន់ជុំវិញឱ្យបានច្បាស់លាស់ ។ លោកស្រីបញ្ជាក់ថា បើកមិនចេះទិញទេ ត្រូវស្វែងភ្នាក់ងារអចលនទ្រព្យដែលមានជំនាញច្បាស់លាស់ ទើបការវិនិយោគបន្តទទួលបានផលចំណេញខ្ពស់ និងមិនខាតបង់ផលប្រយោជន៍។

ចំណែកលោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance យល់ឃើញថា ទាក់ទងនឹងទំហំដីដែលត្រូវវិនិយោគ គឺមិនសំខាន់ប៉ុន្មាននោះទេ វាអាស្រ័យលើលំហូសាច់ប្រាក់ សម្រាប់អ្នកវិនិយោគ ព្រោះដីធ្លីប្រភេទណា ក៏នៅតែអាចលក់ចេញបាន គ្រាន់តែចំណាយពេលយូ ឬឆាប់តែប៉ុណ្ណោះ ។

លោកបន្តថា សម្រាប់អ្នកវិនិយោគមានលុយច្រើនអាចទិញដីទំហំធំ និងអ្នកមានលុយតិច អាចទិញក្នុងទំហំតូច ទៅតាមលុយដែលមានប៉ុណ្ណោះ ជាមួយគ្នាននេះ ចំណូល ឬ ប្រាក់ចំណេញក៏ខុសគ្នាដែរនៅពេលដែលលក់ចេញទៅវិញ។

ទោះជាយ៉ាងណាក៏ដោយលោក គឹម សួគ៌ បន្ថែមថា ការទិញដីវិនិយោគនេះ ត្រូវដឹងពីគោលបំណងរបស់ខ្លួនឱ្យបានច្បាស់ មុននឹងសម្រេចចិត្តទិញ (ដីសាងសង់ប្រភេទផ្ទះល្វែង ខុនដូ និងវីឡា) តែសម្រាប់ដីដែលមានទំហំធំគឺអាចសាងសង់ ឬអភិវឌ្ឍន៍អគារច្រើនប្រភេទបាន អាស្រ័យលើទំហំសាច់ប្រាក់របស់អ្នកវិនិយោគ៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button