ពាណិជ្ជកម្ម

ផ្លែឈើខ្មែរច្រើនមុខទៀតហើយ មាន​ហាងឆេង​នៅស្រុកចិន- ត្រៀមកែច្នៃនាំចេញ

ផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជាគឺជាចំណាប់អារម្មណ៍របស់វិនិយោគគិនចិនដែលចង់គ្រោងកែច្នៃ និងវេចខ្ចប់ដើម្បីនាំចូលទៅស្រុករបស់ខ្លួន។ នេះគឺជាការបញ្ជាក់របស់អគ្គនាយកក្រុមហ៊ុនធៀន ធៀនរបស់ចិនមួយក្នុងជំនួបជាមួយរដ្ឋមន្ត្រីកសិកម្មខ្មែរលោក វេង សាខុនកាលពីថ្ងៃម្សិលមិញ។

ក្នុងជំនួបនោះ អគ្គនាយកក្រុមហ៊ុន ធៀន ធៀន ដែលវិនិយោគលើការ​ប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់ទៅស្រុកចិន បានអះអាងនៅមុខរដ្ឋមន្ត្រីខ្មែរបន្តថា ផ្លែឈើរបស់ខ្មែរគឺនឹងមានការគាំទ្រនិងតម្រូវការខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិទ្យាផ្ទាល់របស់ក្រុមហ៊ុន(អនឡាញ)។

សូមបញ្ជាក់ថា ក្រៅផ្លែឈើខាងលើ កម្ពុជាកំពុងនាំចូលរួចហើយនូវផ្លែចេកអំបូងលឿងទៅកាន់ទីផ្សាររបស់ប្រទេសចិន ហើយកម្ពុជាក៏គ្រោងនឹងនាំចេញនូវផ្លែស្រកានាគ និងមានប៉ៃលិនជាដើម។ ដោយឡែកអង្ករកម្ពុជាក៏កំពុងមានប្រជាប្រិយភាពក្នុងទីផ្សារចិនផងដែរ​ដោយ១ឆ្នាំៗកម្ពុជាបាននាំចេញប្រមាណ៤០ម៉ឺនតោន។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានជជែកលំអិតលើកិច្ចការសម្របសម្រួលនីតិវិធីនាំចេញ និងការផ្គត់ផ្គង់ផងដែរ។ អ្នកជំនាញកសិកម្មនៅកម្ពុជា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងឱ្យមានការនាំចេញ និងការកែច្នៃផ្លែឈើរបស់ខ្មែរ ទន្ទឹមនឹងនេះ អ្នកជំនាញបានមើលឃើញថានេះគឺជាការទាញប្រយោជន៍​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលទើបចរចាចប់ ហើយបានស្នើឱ្យរដ្ឋាភិបាលត្រូវពង្រឹងការបណ្តុះបណ្តាលដល់ប្រជាកសិករលើបច្ចេកទេសទំនើប និងការផ្តល់ពូជបន្ថែមទៀតដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវទីផ្សាររបស់ពិភពលោក៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button