ព័ត៌មានសំខាន់

មន្ទីរព្យាបាលឯកទេស អេគីប បើកសម្ពោធសាខាទី៣ជាមួយនឹងស្តង់ដារអន្តរជាតិមិនចាញ់បរទេស

ភ្នំពេញ៖ មន្ទីរព្យាបាលឯកទេស អេគីប នៅថ្ងៃទី១១ ខែកក្កដានេះនឹងដាក់សម្ពោធឱ្យប្រតិបត្តិការនូវសាខាទី៣ដែលមានស្តង់ដារអន្តរជាតិមិនចាញ់បរទេសឡើយលើផ្នែក ក្រពះ ពោះវៀន និងឬសដូងបាត។ មន្ទីរសម្រាកព្យាបាលនេះ មានឈ្មោះថា អេគីប មេឌីខន សេនធ័រដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ ១០០៣ នៅជិតផ្សារទំនើបម៉ាក្រូ និង ផ្សារទំនើប AEON2។

លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិមន្ទីរព្យាបាលឯកទេសអេគីប បានមានប្រសាសន៍ថា តាមរយៈការគាំទ្រ និងភាពមានទំនុកចិត្តពីប្រជាពលរដ្ឋខ្មែរយើងក្នុងការទទួលយកសេវាកម្មពិនិត្យ និងព្យាបាលសុខភាពនៅគ្លីនិក អេគីប កន្លងមកនេះ ទើបធ្វើឱ្យមន្ទីរព្យាបាលឯកទេសអេគីប អាចបង្កើតសាខាទី៣ របស់ខ្លួនយ៉ាងជោគជ័យ។ ជាសាខាថ្មីដែលមានសមត្ថភាព និងគុណភាពអន្តរជាតិ ហើយសេវាកម្មកាន់តែប្រសើរដើម្បីបម្រើជូនពលរដ្ឋខ្មែរលើផ្នែក ក្រពះ ពោះវៀន និងឬសដូងបាត ក្នុងកម្រិតស្តង់ដារខ្ពស់បំផុតដែលអាចប្រៀបបានជាមួយមន្ទីរព្យាបាលនៅក្រៅប្រទេសលើឯកទេសដូចគ្នា។  

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ការបង្កើតសាខាទី៣ថ្មីនេះ កើតចេញពីឆន្ទៈរបស់ក្រុមថ្នាក់ដឹកនាំមន្ទីរពេទ្យតែម្តងដែលចង់បង្កើតមន្ទីរព្យាបាលមួយដែលមានស្តង់ដារអន្តរជាតិដើម្បីទប់ស្កាត់លំហូរចំណាកស្រុកដែលចេញទៅសម្រាកព្យាបាលនៅបរទេសដោយមើលរំលងពីសមត្ថភាព ប្រសិទ្ធភាព និងសេវាកម្មរបស់មន្ទីរព្យាបាលក្នុងស្រុកដែលជាស្នាដៃកូនខ្មែរ ហើយសុទ្ធតែបណ្តុះបណ្តាលនៅក្រៅប្រទេសដែលជាស្រុកល្បីខាងវេជ្ជសាស្ត្រដូចជាបារាំង និងជប៉ុនជាដើម។   

ជាមួយនឹងការបង្កើតសាខាថ្មីទី៣នេះ ជំនួសឱ្យថ្នាក់ដឹកនាំមន្ទីរព្យាបាលទាំងអស់ លោកសូមគោរពស្វាគមន៍ដល់ពលរដ្ឋខ្មែរយើងទាំងអស់ក្នុងការមកទទួលពិនិត្យ និងព្យាបាលសុខភាពក្នុងទីតាំងថ្មីនេះដែលមានស្តង់ដារអន្តរជាតិ ហើយក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត និងទំនួលខុសបំផុតចំពោះអ្នកជំងឺ។

សូមបញ្ជាក់ថា អេគីប មេឌីខល សេនធ័រដែលជាសាខាទី៣នេះ នឹងចាប់ផ្តល់សេវាកម្មរបស់ខ្លួនដំបូងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ជាមួយនឹងសេវាកម្ម ២៤ម៉ោងជារៀងរាល់ថ្ងៃលើឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន ជំងឺឫសដូងបាត ជំងឺមហារីក ជំងឺសួត ជំងឺទូទៅ និងការវះកាត់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ វេជ្ជបណ្ឌិតឯកទេសមានសញ្ញាប័ត្រពីប្រទេសបារាំង និងការបណ្តុះបណ្តាលផ្នែកអង់ដូស្កូពី ពីប្រទេសជប៉ុន។

គួររំលឹកថា មន្ទីរសម្រាកព្យាបាល ឯកទេស អេគីប ជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើម ដែលត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតចំនួន ០៤ នាក់នៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងនាំការថែទាំសុខភាពដល់ពលរដ្ឋកម្ពុជាដល់កម្រិតខ្ពស់បំផុត ដែលមានសាខាទី១(ជិតស្តុបបឹងកក់) និងសាខាទី២ នៅលើបណ្តោយមហាវិថីម៉ៅសេទុង(ជិតមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់) បន្ថែមពីសាខាថ្មីទី៣នេះ៕ ​

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button