ព័ត៌មានសំខាន់

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាប្រាប់ក្រុមហ៊ុនអាកាសចរណ៍ឲ្យត្រៀមបើកការហោះហើរឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរណ៍-អ្នកដំណើរឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាលនឹងបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែត្រូវឲ្យស្របតាមយន្តការទេសចរណ៍សុវត្ថិភាព និងទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួច ។

លោកបន្តថា តាមគម្រោង ភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនាកម្ពុជានឹងតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។

លោកថ្លែងថា «ដូច្នេះហើយ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានស្រេចបាច់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ»។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក Koo Taeoh ឲ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលប្រកាសអំពីបំណងចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញ លោកបានទៅប្រទេសកូរ៉េ ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ។

ជាមួយគ្នានេះ លោកថា ក្រុមហ៊ុនអាកាសចរណ៍របស់លោក ក៏មានគម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅតំបន់សៀមរាប-អង្គរបន្ថែមទៀតផងដែរ ដើម្បីជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាតទៅទៀត។

លោកថ្លែងថា «គម្រោងនេះ គឺស្របទៅនឹងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ»៕

Businees9 News
Facebook: https://www.facebook.com/news.business9
YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA
Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button