វិនិយោគអាជីវកម្ម

អ្នកចង់ចូលនិវត្តន៍ក្នុងរយៈពេល​១៥ឆ្នាំ មើលយុទ្ធសាស្ត្រ៤​ជំហ៊ាន​របស់លោក ង៉ែត ជូ

អ្វីគឺជាយុទ្ធសាស្ត្រ៤ជំហ៊ានដើម្បីចូលនិវត្តន៍ក្នុងរយៈពេល១៥ឆ្នាំ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុចែករំលែកយុទ្ធសាស្ត្រ៤ជំហ៊ានដើម្បីចូលនិវត្តន៍នៅរយៈពេល១៥ឆ្នាំខាងមុខ។ ដោយសារតែកម្ពុជាក៏ជាប្រទេសមួយដែលវិស័យដីធ្លីមានសក្តានុពលខ្លាំងដែរ ដូច្នេះហើយលោកអ្នក ជាពិសេសប្អូនៗយុវជនអាចប្រើយុទ្ធសាស្រ្តនេះដើម្បីអាចចូលនិវត្តន៍បានដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។ ឧទាហរណ៍ ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន១ខែ៥០០ដុល្លា ឬ៦០០០ដុល្លាក្នុង១ឆ្នាំៗដើម្បីវិនិយោគលើដីធ្លីដែលមានកំណើនតម្លៃ២០%ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លា។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ៖ រូបថតពីហ្វេសប៊ុក Ngeth Chou។

បើតាមលោក ង៉ែត ជូ ទ្រព្យសម្បត្តិត្រឹមកន្លះលានដុល្លាមិនច្រើនទេ ប៉ុន្តែអាចឱ្យចូលនិវត្តន៍បានប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោលគឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះដើម្បីបន្តបង្កើនចំណូលឬជាទ្រព្យបន្ថែម។ ឧទាហរណ៍ខាងលើគ្រាន់តែជាករណីដ៏សាមញ្ញ១ប៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ ពូកែសន្សំឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគ ក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លាតាមរយៈធនាគារដីធ្លី។

ដើម្បីសំរេចបាននូវលទ្ធផលខាងលើ អ្នកគប្បីអនុវត្តន៍នូវជំហានទាំង៤ខាងក្រោម៖

ជំហានទី១ គឺកសាងសមត្ថភាព (building skills)៖ អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជាការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គលដែលមានបទពិសោធន៍អនុវត្តផ្ទាល់ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក។

ជំហានទី២ គឺធ្វើផែនការវិនិយោគ (planning)៖ អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់។ ក្នុង១ឆ្នាំៗតើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុណ្ណា? តើអ្នកបានប្រភពទុនពីណា? ក្នុង១ឆ្នាំៗ អ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយដើម្បីបង្កើនលទ្ធភាពវិនិយោគ?

ជំហានទី៣ គឺ ការបង្កើនទ្រព្យ (wealth accumulation)៖ អ្នកចាប់ផ្តើមសិក្សាពីជំរើសនៃការវិនិយោគទៅតាមផែនការដែលបានគ្រោងទុក។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តតាមផែនការ និងមានភាពបត់បែនខ្លះៗទៅតាមសភាពការណ៍ជាក់ស្តែង។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាន និងរោងចក្រជាដើម។ល។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំង តំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។

ជំហានទី៤ គឺការបែងចែកទ្រព្យសម្បត្តិ (wealth distribution)៖ ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាលដែលអ្នកប្រមូលផលពីការវិនិយោគលើធនាគារដីធ្លីប្រកបដោយចក្ខុវិស័យ។ អ្នកអាចលក់ដីធ្លីមួយចំនួនដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំងឬអាគារសំរាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។ សកម្មភាពវិនិយោគទាំងនេះសុទ្ធតែជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀតដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ៕

លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ។​រូបភាព ហ្វេសប៊ុក Nget Chou។

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button