ព័ត៌មានសំខាន់

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនឹងបញ្ចប់នៅខែតុលាខាងមុខនេះ

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Union Development នឹងបញ្ចប់នៅខែតុលា ដើម្បីត្រៀមបើកដំណើរការសាកល្បងដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងជំនួបជាមួយ តំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឯកភាពក្នុងការត្រៀមបញ្ចប់ការសាងសង់ និងការដាក់ឲ្យដំណើរការសាកល្បងស្របតាមលក្ខណៈបច្ចេកទេស ចំពោះការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនឹងត្រូវធ្វើនៅពេលក្រោយតាមពេលវេលាសមស្របណាមួយ។

តាមផែនការ គម្រោងព្រលានយន្តហោះនេះ ត្រូវបានចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣,២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និង អ៊ែរបើស A៣៤០ ចុះចតបាន។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឱ្យដឹងថា នៅពេលដែលព្រលានយន្តហោះនេះបើក ដំណើរជាផ្លូវការ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ៕

Businees9 News
Facebook: https://www.facebook.com/news.business9
YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA
Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button