ព័ត៌មានសំខាន់

អូស្ត្រាលីជួយពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការនូវកិច្ចសហប្រតិបត្តិការលើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅប្រទេសកម្ពុជា។

ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Pablo Kang កាលពីម្សិលមិញ ថ្លែងថា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្ត្រាលីបាន និងកំពុងគាំទ្រ ក្រសួង ដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់ និងគ្រោះថ្នាក់នានានៅការដ្ឋានសំណង់នៅកម្ពុជា។

លោកបន្តថា ការងារលើគោលការណ៍ណែនាំបាននិងកំពុងដំណើរការយ៉ាងល្អ ហើយគោលការណ៍ណែនាំនេះ អាចនឹងបញ្ចប់ និងត្រូវបានដាក់ឱ្យអនុវត្ត នៅចុងឆ្នាំ ២០២១។ អូស្រ្តាលី ក៏នឹងផ្តល់ការពង្រឹងសមត្ថភាពដល់ក្រុមការងារក្រសួងលើការត្រួតពិនិត្យ និងការពង្រឹងស្តង់ដារថ្មី ក៏ដូចជាការលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជនអំពីទំនួលខុសត្រូវរបស់ពួកគេក្នុងការលើកកម្ពស់សុវត្ថិភាពការងារនៅការដ្ឋាន។

លោកថ្លែងថា «ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ជាពិសេសការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា»។

លោកថ្លែងបន្តថា «យើងមើលឃើញពីភាពចាំបាច់របស់អូស្រ្តាលីក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់ សំណើរសុំការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសារពួកគេ និងសាធារណជន រួមទាំងហានិភ័យនានាទាក់ទងនឹងជំងឺកូវីដ-១៩»។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ចាប់តាំងពីប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីសំណង់ ដ៏មានសារៈសំខាន់ ក្នុងឆ្នាំ ២០១៩ មក ក្រសួងបាន និងកំពុងធ្វើការឥតឈប់ឈរលើការអនុវត្តច្បាប់នេះ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ស្តង់ដារសុវត្ថិភាពដែលអាចអនុវត្តបាននៅការដ្ឋានសំណង់ គឺជាការចាំបាច់ និងមានសារៈសំខាន់ហើយយើងកោតសរសើរចំពោះការគាំទ្ររបស់អូស្រ្តាលីដើម្បីឱ្យយើងអាចដើម្បីឈានទៅមុខយ៉ាងឆាប់រហ័ស”។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាឱ្យដឹងដែរថា នៅឆ្នាំ ២០២០ អូស្រ្តាលី ក៏បានរៀបចំឱ្យក្រុមការងារមន្រ្តីកម្ពុជាធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីរៀនសូត្រ វគ្គខ្លីស្តីពីសុវត្ថិភាពសំណង់ ដែលរួមទាំងការត្រួតពិនិត្យពីការអនុវត្តសុវត្ថិភាពក្នុងការដ្ឋានសំណង់ និងជួបជាមួយទីភ្នាក់ងារអូស្ត្រាលីនានា ដែលទទួលបន្ទុកផ្នែកត្រួតពិនិត្យបញ្ហាសុវត្ថិភាពសំណង់។ ទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃជំនួយគាំទ្ររបស់អូស្រ្តាលី លើសុវត្ថិភាពការងារក្នុងវិស័យសំណង់។

សេចក្តីប្រកាសព័ត៌មានបន្តថា ការគាំទ្ររបស់អូស្រ្តាលីទៅលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ ជាផ្នែកមួយនៃកម្មវិធី“ វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ” របស់អូស្រ្តាលី ដែលមានរយៈពេល ៦ ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤៩.៤ លានដុល្លារអូស្រ្តាលី៕

Businees9 News
Facebook: https://www.facebook.com/news.business9
YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA
Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button