ព័ត៌មានសំខាន់

អ្នកដែលខកខានបង់រំលោះអចលនទ្រព្យក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ត្រូវពង្រឹងជំនាញ និងចំណេះបន្ថែម

ភ្នំពេញ៖អ្នកជំនាញណែនាំដល់អតិថិជនដែលទិញអចលនទ្រព្យប្រភេទបង់រំលោះដូចជា លំនៅឋាន ឬអចលនទ្រព្យផ្សេងទៀត ដែលបានខកខាតមិនបានបង់នៅក្នុងអំឡុងពេលផ្ទុះកូវីដ-១៩ នេះ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង និងរឹងមាំដើម្បីរកចំណូលឱ្យបានកាន់តែច្រើនថែមទៀតក្នុងការបង់ទៅឱ្យម្ចាស់គម្រោងវិញ ក្រោយស្ថានការមានភាពធូស្បើយ។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យថ្លែងថា នៅពេលដែលបានពង្រឹងចំណេះដឹង និងជំនាញរឹងមាំ តាមរយៈចូលរួមការបណ្តុះបណ្តាលតាមអនឡាន និងអានសៀវភៅ ឬធ្វើកិច្ចការណាដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនឱ្យបានច្រើន  អាចនឹងរកការងារដែលល្អជាងនេះបានធ្វើ  មានចំណូល និងលទ្ធភាពបង់ច្រើនជាងមុន ដែលអាចជួយខ្លួនឯង និងក៏អាចជួយដល់ម្ចាស់អភិវឌ្ឍន៍គម្រោងផងដែរ ដោយជំនួសឱ្យការខកខានក្នុងការបង់រំលោះក្នុងពេលមានវិបត្តិនេះ។

លោក ង៉ែត ជូ ពន្យល់ថា «ការធ្វើបែបនេះ វានឹងចំណេញទាំងសងខាង ប៉ុន្តែនៅក្នុងឱកាសនេះអតិថិជនត្រូវសំលៀងកំបិតឱ្យបានមុត ដើម្បីចូលព្រៃឡើងវិញ។ បើយើងមិនសំលៀងហើយប្រើប្រាស់កំបិតដដែល ពេលទៅដល់ព្រៃប្រហែលទទួលបានតែឈើពុកទេ និងឈើបាក់ទៀត «។

លោក ង៉ែត ជូ បញ្ជាក់ទៀតថាបើមិនធ្វើដូច្នេះទេ ប្រាក់ខែក៏មិនឡើង  ហើយគេក៏មិនមានលទ្ធផលផ្តល់ឱ្យដូចមុនដែរ។ ហើយការទទួលខុសត្រូវរបស់យើងក៏កាន់តែយូរបន្ថែមទៀតក្នុងការសងត្រឡប់ទៅម្ចាស់គម្រោងវិញ។

លោក ង៉ែត ជូ ថ្លែងថា «យើងត្រូវរៀបចំខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង ហើយម្ចាស់បុរីក៏មិនអាចអនុគ្រោះគ្រប់ករណីទេ  ហើយក៏មានអតិថិជនខ្លះមានគំនិតខូចនៅពេលដែលចំណូលរបស់ខ្លួនមិនមានការបាត់បង់ ប៉ុន្តែគាត់ប្រាប់ម្ចាស់បុរីថា ខ្លួនបាត់បង់ចំណូល ឬចំណូលត្រូវបានធ្លាក់ចុះជាដើម។ យើងមិនអាចមានកន្ទេលធំ បន្លំដេកទេ ក្នុងនាមជាអតិថិជន បើមានលទ្ធភាព ត្រូវបង់ឱ្យគេឱ្យបានលឿន យើងក៏ឆាប់មានសេរីភាពផងដែរ»៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button