វិនិយោគ

អ្នកវិនិយោគចិនជាង៣,៥ពាន់នាក់ បានសម្រុកមករកស៊ីនៅកំពង់សោមឡើងវិញ

គិតត្រឹមចុងខែកក្កដានេះ អ្នកវិនិយោគចិន​ អ្នកជំនាញចិនចំនួន៣៥១១នាក់ បានវិលមកវិនិយោគនិងធ្វើការនៅខេត្តព្រះសីហនុឡើងវិញហើយដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរបស់ខេត្តនាយសមុទ្រមួយនេះ​មានសភាពរស់រវើកគួរឱ្យកត់សម្គាល់ឡើងវិញ។

អ្នកវិនិយោគ និងអ្នកជំនាញចិន បានមកខេត្តព្រះសីហនុកាលពីពេលកន្លងទៅ។ រូប៖​ហ្វេសប៊ុកខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានប្រាប់​Business9 នៅថ្ងៃទីនេះថា ត្រឹមថ្ងៃទី២៣ខែឧសភា រហូតដល់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០អ្នកដំណើរជនជាតិចិនដែលបានចូលមកខេត្តព្រះសីហនុតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមាន៥១ជើង គិតពីចំនួនមនុស្សមាន៣៥១១នាក់ ក្នុងនោះស្រី៦៩៦នាក់ និយាយជារួមក្រុមរបស់គាត់ភាគច្រើនជា​​​​​​អ្នកវិនិយោគ​​ អ្នកធុរកិច្ច អ្នករកស៊ី បុគ្គលិកក្រុមហ៊ុន និងជាកម្មករខ្លះរីឯជាទេសចរណ៍មានចំនួនតិចតួចទេ។

គិតត្រឹមរយៈពេល២ខែនេះ អ្នកវិនិយោគចិនដែលធ្វើដំណើរត្រឡប់មករកស៊ីនៅកម្ពុជាវិញមានការកើនឡើងជាង២ពាន់នាក់ព្រោះថា គិត្រឹមថ្ងៃទី១៣ខែឧសភាកន្លងទៅអ្នកវិនិយោគិនចិនជាង១ពាន់នាក់បានត្រឡប់មកខេត្តព្រះសីហនុ។ ពោលគឺកើនឡើងពី១ពាន់នាក់ មកដល់៣,៥១១នាក់។

បន្ថែមពីនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបន្តថា សំណង់អគារមានសកម្មភាពប្រសើរឡើងវិញហើយសម្រាប់សំណង់អគារដែលកាន់កាប់ដោយជនជាតិចិន​បន្ទាប់ពីស្ងាត់មួយរយៈ រីឯសំណង់អគាររបស់ម្ចាស់ខ្មែរដែលជាម្ចាស់នៅតែបន្តសកម្មភាពសាងសង់ជាធម្មតានោះទេ។

អ្នកជំនាញភាគច្រើនបានអះអាងថា សេដ្ឋកិច្ចខេត្តព្រះសីហនុភាគច្រើន គឺពឹងពាក់លើឈ្មួញចិន និងអ្នកវិនិយោគដែលបានធ្វើឱ្យខេត្តនាយសមុទ្រមួយនេះមានអគារស្កឹមស្កៃនិងមានសក្តានុពលដែលបានក្លាយជាក្បាលម៉ាស៊ីនអូសទាញកម្លាំងសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា។

យ៉ាងណាក៏ដោយអ្នកជំនាញបានអះអាងថា វត្តមានជនជាតិណាមកវិនិយោគក៏មិនសំខាន់ដែរ ប្រទេសទីផ្សារសេរីទាំងអស់ចង់មានការវិនិយោគពីបរទេសដើម្បីបង្ហាញភាពរឹងមាំលើសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលសំខាន់ម្ចាស់ប្រទេសត្រូវតែមានច្បាប់រឹងមាំ និងការអនុវត្តប្រកបដោយសមត្ថភាព ហើយស្អាតស្អំ​ដើម្បីការពារទាំងអ្នករកស៊ីនិងការពារទាំងម្ចាស់ស្រុក៕​

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button