ព័ត៌មានសំខាន់

ឧកញ៉ាធំៗ កំពុងសម្រុកទិញដីនៅក្នុងខេត្តកំពត

កំពត៖ ឧកញ៉ាធំៗ នៅក្នុងប្រទេសកម្ពុជា កំពុងនាំគ្នាសម្រុកទៅទិញដីនៅក្នុងខេត្តកំពតដើម្បីអភិវឌ្ឍន៍ទៅជាលំនៅឋាន និងពុះឡូតិ៍លក់ទៅ ឱ្យអតិថិជនរបស់ខ្លួន ខណៈខេត្តជាប់មាត់សមុទ្រមួយនេះកំពុងមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ។

លោក គឹម សង្គ្រាម  ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Hippo Realty and Investment ប្រចាំនៅខេត្តកំពត ប្រាប់ Business9 ថា ឧកញ៉ាធំៗទាំងនេះ បានដើរប្រមូលទិញដីនៅក្នុងខេត្តកំពតមិនមែនតែមួយកន្លែងនោះទេ គឺពួកគាត់ទិញពីរទៅ ៣ កន្លែង សម្រាប់ធ្វើការអភិវឌ្ឍន៍គម្រោងលំនៅឋាន និងពុះឡូតិ៍លក់ ដែលធ្វើឱ្យចរន្តនៃការទិញលក់លើវិស័យអចលនទ្រព្យនៅក្នុងខេត្តនៅតែដំណើរការទៅមុខ។

លោក គឹម សង្គ្រាម បន្តថា ចំណុចមួយទៀត គឺ អ្នកស្រុកនៅក្នុងខេត្តកំពតនេះ នៅពេលដែលពួកគេបានលក់ដីទៅឱ្យឧកញ៉ាធំៗនោះរួចហើយ ពួកគេ ក៏បានយកលុយមករកទិញដីតម្លៃចន្លោះ ពី ២ ទៅ ៤ ម៉ឺនដុល្លារអាមេរិកនៅក្បែរៗក្រុង ដែលធ្វើឱ្យចលនានៃការទិញលក់ដីនៅក្បែរក្រុងក៏កំពុងមានផងដែរ។

លោក គឹម សង្រ្គាម ថ្លែងថា «ខ្ញុំយល់ថា សកម្មភាពនៃការទិញលក់អចលនទ្រព្យនៅក្នុងខេត្តកំពតនៅតែមាន បើទោះបីមានជំងឺកូវីដ ១៩ ក៏ដោយ។ ដោយឡែក រឿងដីឡូតិ៍គឺនៅមានទីផ្សារ ជាពិសេសដីឡូតិ៍នៅឆ្ងាយពីក្រុងតម្លៃ ៦ ពាន់ដុល្លារឡើង ដែលភាគច្រើន គឺបងប្អូនយើងដែលលក់ដីទៅឱ្យឈ្មួញហើយ គឺគាត់ទិញសម្រាប់សាងសង់លំនៅឋាន ក្នុងការរស់នៅ»។

បើតាម លោក គឹម សង្គ្រាម  ក្រៅពីនេះក៏មានប្រជាពលរដ្ឋខ្មែរ មកពីទីក្រុងភ្នំពេញក៏កំពុងស្វែងរកទិញដីធ្លីនៅក្នុងខេត្តកំពតនេះផងដែរ ដោយសារពួកគេបានយល់ពីចរន្តនៃការអភិវឌ្ឍន៍របស់ខេត្ត និង ការបង់ប្រាក់មានភាពងាយស្រួល៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button