ព័ត៌មានសំខាន់

ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៤១% ហើយមិនបានផ្អាកដោយសារកូវីដ និងការកាត់ចំណាយរបស់រដ្ឋ

ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលមានចំងាយ៥៣គីឡូម៉ែត្រ សម្រេចបាន៤១%ហើយគិតត្រឹមខែវិច្ឆិកានេះ។ នេះគឺជាការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការដែលបានប្រាប់សារព័ត៌មានBusiness9 នៅថ្ងៃនេះ។ លោកអះអាងថា មិនការផ្អាកការសាងសង់នោះឡើយបើទោះបីកម្ពុជាជួបប្រទះនឹងជំងឺកូវីដ១៩តាំងពីរលកទី១រហូតដល់រលកទី២ និងគ្រោះទឹកជំនន់ដែលបណ្តាលឱ្យលិចផ្នែកខ្លះនៃទីក្រុងភ្នំពេញក៏ដោយ។


លោកថា៖«ក្នុងកំឡុងពេលកូវីដ១៩នេះ បើទោះបីជារដ្ឋាបាលកាត់ចំណាយរបស់រដ្ឋក៏ពិតមែន ក៏មិនធ្វើឱ្យការសាងសង់នេះប៉ះពាល់ដែរ ព្រោះគម្រោងនេះត្រូវបានរៀបចំទុកជាយូរមកហើយ ដូចច្នេះមិនធ្វើឱ្យមានការប៉ះពាល់ការសាងសង់នោះទេ បើមានការប៉ះពាល់ ប៉ះពាល់តែគម្រោងថ្មីៗ និងគម្រោងដែលមិនទាន់អនុវត្តតែប៉ុណ្ណោះ»។


ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ បានចាប់ផ្តើមសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃ១៤ ខែ មករា ឆ្នាំ ២០១៩។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២៧៣ លានដុល្លាអាមេរិកដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ផ្លូវនេះនឹងកាត់បន្ថយក្នុងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ហើយផ្លូវដ៏ធំនេះនឹងជួយតភ្ជាប់ផ្ទៃក្នុងកម្ពុជាទៅនឹងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសមហាអនុតំបន់មេគ្គ និងការជុំរុពាណិជ្ជកម្មអន្តរជាតិ។

ប្រភព៖ក្រសួងសាធារណការ


តាមផែនការផ្លូវក្រវ៉ាត់ក្រុងដែលមានចំងាយ៥៣គីឡូម៉ែត្រនេះ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដែលចំណាយពេលសាងសង់ចំនួន៤២ខែ។ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ កាត់តាមមហាវិថីឈ្នះឈ្នះ និងស្ពានព្រែកព្នៅ ហើយឆ្លងកាត់ពីផ្លូវជាតិលេខ៤ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត ១៤+១០៥ មកផ្លូវជាតិលេខ៣ ហើយភ្ជាប់មកផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ហើយតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ដែលមានចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤ + ៨៤០របស់ខេត្តកណ្តាល៕

ប្រភព៖ក្រសួងសាធារណការ

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button