ព័ត៌មានសំខាន់

CDC អនុម័តទុនជិត៦លានដុល្លារលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតឆ័ត្រ និងរោងចក្រដំឡើងទោចក្រយាន នៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ  និងគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់ចំនួន ៥,៦ លានដុល្លារអាមេរិកនៅកម្ពុជា និងផ្តល់ឱកាសការងារដល់ពលរដ្ឋជាច្រើនកន្លែង ។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៩ ខែមេសានេះឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣,៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០១៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕

Businees9 News

Facebook: https://www.facebook.com/news.business9

YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA

Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button